រជ្ជុសូត្រ ទី ៩

ក្បាលទី 21 · ទំព័រ 348

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក្នុងទីនោះ ឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ តែងកាត់ស្បែកក្រៅ លុះកាត់ស្បែកក្រៅហើយ តែង កាត់ស្បែកក្នុង លុះកាត់ស្បែកក្នុងហើយ តែងកាត់នូវសាច់ លុះកាត់សាច់ ហើយ តែងកាត់នូវសរសៃ លុះកាត់សរសៃហើយ តែងកាត់ឆ្អឹង លុះកាត់ ឆ្អឹងហើយ តែងចាក់ចុចដល់ខួរក្នុងឆ្អឹង ។ ម្នាលភិក្ខុទាំងឡាយ ដូចបុរសមានកម្លាំង រុំស្មងហើយ ពួត ដោយខ្សែរោមកន្ទុយសត្វដ៏មាំ ខ្សែនោះ គប្បីកាត់ស្បែកក្រៅ លុះកាត់ស្បែក ក្រៅហើយ គប្បីកាត់នូវស្បែកក្នុង លុះកាត់ស្បែកក្នុងហើយ គប្បីកាត់សាច់ លុះកាត់សាច់ហើយ គប្បីកាត់សរសៃ លុះកាត់សរសៃហើយ គប្បីកាត់ឆ្អឹង លុះកាត់ឆ្អឹងហើយ គប្បីចាក់ចុចដល់ខួរក្នុងឆ្អឹង យ៉ាងណាមិញ ។ ម្នាលភិក្ខុ ទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ តែងកាត់ស្បែកក្រៅ លុះកាត់ ស្បែកក្រៅហើយ តែងកាត់ស្បែកក្នុង លុះកាត់ស្បែកក្នុងហើយ តែងកាត់ សាច់ លុះកាត់សាច់ហើយ តែងកាត់សរសៃ លុះកាត់សរសៃហើយ តែង កាត់ឆ្អឹង លុះកាត់ឆ្អឹងហើយ តែងចាក់ចុចដល់ខួរក្នុងឆ្អឹង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាង នេះចុះ ។