អដ្ឋកថា ភិក្ខុសូត្រ ទី ១០
ក្បាលទី 21 · ទំព័រ 352
គប្បីជ្រាបវិនិច្ឆ័យក្នុងភិក្ខុសូត្រទី ១០ ដូចតទៅនេះ បទថា ទិដ្ឋធម្មសុខវិហារា គឺនៅជាសុខដោយផលសមាបត្តិ ។ បទថា តេសាហមស្ស កាត់បទជា តេសំ អហំ អស្ស ព្រោះព្រះខីណាស្រព មានលាភ ដល់ព្រមដោយបុណ្យ ទទួលបបរ និងរបស់ទំពាជាដើម កាលធ្វើអនុមោទនា សម្តែងធម៌ ឆ្លើយបញ្ញាជនដែលមកហើយ និងមកហើយ រមែង មិនបានឱកាសដើម្បីចុះស៊ប់ដល់ផលសមាបត្តិ លោកសំដៅដល់សេចក្តីនោះ ទើបពោលពាក្យនោះ ដោយប្រការដូច្នេះ ។