អចិរបក្កន្តសូត្រ ទី ៥

ក្បាលទី 21 · ទំព័រ 357

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅនាភ្នំគិជ្ឈកូដ ជិត ក្រុងរាជគ្រឹះ ។ កាលដែលទេវទត្តចៀសចេញទៅ មិនយូរបុន្មាន ព្រះមាន ព្រះភាគ ក៏ប្រារព្ធចំពោះទេវទត្ត ហើយត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ។ ម្នាលភិក្ខុទាំងឡាយ ដូចដើមចេក បញ្ចេញផ្លែមក ដើម្បី សម្លាប់ខ្លួន បញ្ចេញផ្លែមកដើម្បីសេចក្តីវិនាស យ៉ាងណាមិញ ។ ម្នាលភិក្ខុ ទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បី សម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បី សេចក្តីវិនាស ក៏យ៉ាងនោះឯង ។