បញ្ចរថសតសូត្រ ទី ៦

ក្បាលទី 21 · ទំព័រ 360

ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង អជាតសត្តុកុមារ តែងទៅកាន់ ទីបម្រើនៃទេវទត្ត ទាំងល្ងាចទាំងព្រឹក ដោយព្រះរាជរថចំនួន ៥០០ ផង ទ្រង់ឲ្យនាំចង្ញាន់ចំនួន ៥០០ ថាសទៅប្រគេនផង ។ លំដាប់នោះ ពួកភិក្ខុ ច្រើនរូប នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាប ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះអង្គុយ ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន អជាតសត្តុកុមារ តែងទៅកាន់ទីបម្រើនៃទេវទត្ត ទាំងល្ងាចទាំង ព្រឹក ដោយព្រះរាជរថ ចំនួន ៥០០ ផង ទ្រង់ឲ្យនាំចង្ញាន់ចំនួន ៥០០ ថាសទៅប្រគេនផង ។