អដ្ឋកថា បញ្ចរថសតសូត្រ ទី ៦
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំស្រឡាញ់លាភសក្ការៈ និងសេចក្តីសរសើររបស់ទេវទត្តឡើយ ។ ម្នាលភិក្ខុទាំងឡាយ អជាតសត្តុកុមារ នឹងទៅកាន់ទីបម្រើនៃទេវទត្ត ទាំងល្ងាចទាំងព្រឹក ដោយព្រះរាជរថ ចំនួន ៥០០ ផង ទ្រង់ឲ្យនាំចង្ញាន់ចំនួន ៥០០ ថាសទៅប្រគេនផង អស់ កំណត់កាលត្រឹមណា ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវនឹកសង្ឃឹមតែ សេចក្តីសាបសូន្យមួយយ៉ាងបុណ្ណោះ ឯសេចក្តីចម្រើនក្នុងកុសលធម៌ទាំងឡាយ មិនត្រូវនឹកសង្ឃឹមឡើយ អស់កាលមានកំណត់ត្រឹមនោះ ។ ម្នាលភិក្ខុទាំងឡាយ ដូចជនទាំងឡាយ ច្របាច់ប្រមាត់ដាក់ ច្រមុះនៃឆ្កែកាច ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះហើយ ឆ្កែនោះរឹងរឹត តែកាចដោយក្រៃលែងឡើង យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ អជាតសត្តុកុមារ នឹងទៅកាន់ទីបម្រើនៃទេវទត្ត ទាំងល្ងាចទាំងព្រឹក ដោយព្រះរាជរថ ចំនួន ៥០០ ផង ទ្រង់ឲ្យនាំចង្ញាន់ចំនួន ៥០០ ថាសទៅប្រគេនផង អស់ កាលមានកំណត់ត្រឹមណា ម្នាលភិក្ខុទាំងឡាយ ទេវទត្តត្រូវនឹកសង្ឃឹមតែ សេចក្តីសាបសូន្យមួយយ៉ាងបុណ្ណោះ ឯសេចក្តីចម្រើនក្នុងកុសលធម៌ទាំងឡាយ មិនត្រូវនឹកសង្ឃឹមឡើយ អស់កាលមានកំណត់ត្រឹមនោះ ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង ។ បេ ។ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងរថសូត្រទី ៦ ដូចតទៅនេះ បទថា ភត្តាភិហារោ បានដល់ ភត្តដែលគេគប្បីនាំមកដើម្បីសម្តែង ប្រមាណភត្ត នោះ ទើបលោកពោលថា បញ្ច ច ថាលិបកសតានិ ។ ក្នុងភត្តទាំងនោះ ភត្តក្នុងថាសមួយ បុរសបរិភោគបាន ១០ នាក់ ។