មាតុសូត្រ ទី ៧
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុ ទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹងនូវព្រះនិព្វាន ជាទីក្សេម ចាកយោគៈ ដែលរកគុណជាតដទៃក្រៃលែងជាងគ្មាន ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្តបុគ្គលពួកខ្លះ ដោយចិត្តរបស់តថាគត យ៉ាងនេះថា អ្នកនេះ មិនពោល សម្បជានមុសា ព្រោះហេតុតែមាតាទេ លុះសម័យខាងក្រោយមក តថាគត ឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្តក ៏ពោលសម្បជានមុសា ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី សរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយដល់ ការត្រាស់ដឹង នូវព្រះនិព្វានជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃ ក្រៃលែងជាងគ្មាន យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយនឹង លះបង់នូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ទាំងលាភសក្ការ ៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្តយើង បានឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ ។