បុត្តសូត្រ ្ប មិនមានអដ្ឋកថា ្ទ
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃក្រៃលែងជាងគ្មាន ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្ត បុគ្គលពួកខ្លះ ដោយចិត្តរបស់តថាគតយ៉ាងនេះថា អ្នកនេះ មិនពោលសម្បជានមុសា ព្រោះហេតុតែកូនប្រុសទេ លុះសម័យខាងក្រោយមក តថាគត ឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ រួបរឹត ចិត្ត ក៏ពោលនូវសម្បជានមុសា ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង សេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ រកគុណជាតដទៃ ក្រៃលែងជាងគ្មាន ក៏យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយនឹង លះបង់នូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ទាំង លាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្ត យើងបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ ។