ចក្ខុសូត្រ ទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រា នោះ ព្រះរាហុលមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះ ព្រះរាហុលមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ព្រោះថា បើខ្ញុំព្រះអង្គ បានស្តាប់ធម៌របស់ព្រះមាន ព្រះភាគហើយ នឹងចៀសចេញទៅតែម្នាក់ឯង មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតនូវកិលេស មានចិត្តស្លុង ( ទៅកាន់ព្រះនិព្វាន ) ។ ព្រះអង្គត្រាស់សួរថា ម្នាលរាហុល អ្នកសម្គាល់សេចក្តីនោះ ដូចម្តេច ចក្ខុទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណា ដែល មិនទៀង របស់នោះជាទុក្ខ ឬជាសុខ ។ ជាទុក្ខ ព្រះអង្គ ។ ចុះរបស់ណា ដែលមិនទៀង ជាទុក្ខ មានកិរិយាប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះ ជារបស់អាត្មាអញ នុ៎ះ ជាអាត្មាអញ នុ៎ះ ជាខ្លួនរបស់ អាត្មាអញដែរឬ ។ ហេតុនុ៎ះ មិនគួរទេ ព្រះអង្គ ។ ( បេយ្យាលៈយ៉ាងនេះ ) ព្រះអង្គត្រាស់សួរថា ត្រចៀកទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ … ច្រមុះទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ … អណ្តាតទៀង ឬមិន ទៀង ។ មិនទៀងទេ ព្រះអង្គ … កាយទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ … ចិត្តទៀង ឬមិនទៀង ។ មិនទៀងទេ ព្រះអង្គ ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ ។