អដ្ឋកថា ចក្ខុសូត្រ ទី ១
ចក្ខុសូត្រទី ១ នៃរាហុលសំយុត្ត មានវិនិច្ឆ័យដូចតទៅនេះ បទថា ឯកោ បានដល់ មានប្រក្រតីនៅម្នាក់ឯង ក្នុងឥរិយាបថទាំង ៤ ។ បទថា វូបកដ្ឋោ ប្រែថា រំលេកោខ្លួនទៅ រលាស់ខ្លួនទៅ ។ បទថា អប្បមត្តោ បានដល់ តាំងនៅក្នុងការមិនប្រាសចាកស្មារតី ។ បទថា អាតាបី បានដល់ ដល់ព្រមដោយសេចក្តីព្យាយាម ។ បទថា បហិតត្តោ វិហរេយ្យំ បានដល់ ជាអ្នកមានចិត្ត ១ ដើម្បីប្រយោជន៍ដល់ការសម្រេចគុណវិសេស ។ បទថា អនិច្ចំ បានដល់ ឈ្មោះថា មិនទៀង ដោយអាការ ដែលមានហើយ ត្រឡប់ជាមិនមាន ។ ម្យ៉ាងទៀត ឈ្មោះថា មិនទៀង ដោយហេតុទាំងនេះ គឺព្រោះមានការកើតឡើង និងការវិនាសទៅ ។ ព្រោះ ជារបស់ប្រព្រឹត្តទៅមួយជួរខណៈ ព្រោះមានការប្រែប្រួលជាទីបំផុត ព្រោះ បដិសេធការទៀង ។ បទថា ទុក្ខំ បានដល់ ឈ្មោះថា ទុក្ខ ដោយហេតុ ៤ ប្រការ គឺដោយអត្ថថា អត់ធន់បានលំបាក ដោយអត្ថថា ជាវត្ថុទីតាំងនៃការ អត់ធន់បានលំបាក ។ ដោយអត្ថថា បៀតបៀនសត្វ ដោយការបដិសេធ សេចក្តីសុខ ។ ត្រាស់ថា គួរឬ ប្រកាន់ដោយតណ្ហាថា នុ៎ះជារបស់អញ ប្រកាន់ដោយមានះថា នុ៎ះជាអញ ប្រកាន់ដោយទិដ្ឋិថា នុ៎ះជាខ្លួនរបស់អញ ។ បណ្តាការប្រកាន់ទាំងនោះ ប្រកាន់ដោយតណ្ហា គប្បីជ្រាបដោយអំណាច តណ្ហាវិបរិត ១០៨ ប្រកាន់ដោយមានះ គប្បីជ្រាបដោយអំណាចមានះ ៩ ប្រការ ប្រកាន់ដោយទិដ្ឋិ គប្បីជ្រាបដោយអំណាចទិដ្ឋិ ៦២ ។ ក្នុងបទថា និព្វិន្ទំ វិរជ្ជតិ នេះ ត្រាស់មគ្គ ៤ ដោយ អំណាចវិរាគៈ ។ ក្នុងបទថា វិរាគា វិមុច្ចតិ នេះ ត្រាស់សាមញ្ញផល ៤ ដោយអំណាចវិមុត្តិ ។ ក្នុងសូត្រទី ១ នេះ ទ្រង់កាន់យកបសាទក្នុងទ្វារ ៥ ។ ទ្រង់កាន់យក សមន្នាហារចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងបទថា មនោ ។