អនុសយសូត្រ ទី ១១
ព្រះសាស្តា ទ្រង់គង់នៅជិតក្រុងសាវត្ថី … គ្រានោះឯង ព្រះរាហុលមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះរាហុលមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានពោលពាក្យនេះនឹងព្រះមានព្រះភាគថា បពិត្រ ព្រះអង្គដ៏ចម្រើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច បានជាមិនមាន អហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយ ប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ។ ម្នាលរាហុល រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា មានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី រូបទាំងអស់នោះ ឈ្មោះថា ជារូប បុគ្គល រមែងឃើញរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់ អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ។ វេទនាណានីមួយ … សញ្ញាណានីមួយ … សង្ខារទាំងឡាយណានីមួយ … វិញ្ញាណណានីមួយ ជា អតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ ឈ្មោះថា ជាវិញ្ញាណ បុគ្គលរមែងឃើញវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជា អញ នុ៎ះមិនមែនជាខ្លួនរបស់អញ ។ ម្នាលរាហុល កាលអរិយសាវ័កដឹង យ៉ាងនេះ ឃើញយ៉ាងនេះ បានជាមិនមានអហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ។