អដ្ឋកថា អបគតសូត្រ ទី ១២

ក្បាលទី 21 · ទំព័រ 394

គប្បីជ្រាបវិនិច្ឆ័យក្នុងអបគតសូត្រទី ១២ ដូច្នេះ បទថា អហង្ការមមង្ការមានាបគតំ បានដល់ ប្រាសចាកអហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានះ ។ បទថា វិធា សមតិក្កន្តំ បានដល់ ឈានកន្លងដោយ ល្អនូវចំណែកនៃមានះ ។ បទថា សន្តំ សុវិមុត្តំ បានដល់ ឈ្មោះថា ស្ងប់ ព្រោះស្ងប់បង់នូវកិលេសបាន ឈ្មោះថា រួចផុតដោយល្អចាកកិលេសទាំងឡាយ ។ ពាក្យដ៏សេស មានអត្ថងាយយល់ទាំងអស់ហើយ ។ អដ្ឋកថាអបគតសូត្រ ចប់ អដ្ឋកថាអនុសយវគ្គទី ២ ចប់ រាហុលសំយុត្ត ចប់