អដ្ឋកថា អដ្ឋិសូត្រ ទី ១ - ព្រះមហាមោគ្គល្លានឃើញប្រេត -ពីដើមជាគោឃាតកៈ

ក្បាលទី 21 · ទំព័រ 398

ក្នុងលក្ខណសំយុត្ត មានវិនិច្ឆ័យដូច្នេះ ព្រះលក្ខណត្ថេរ ដែលលោកពោលថា អាយស្មា ច លក្ខណោ ជាអ្នកឧបសម្បទាដោយ ឯហិភិក្ខុឧបសម្បទា ជាបុគ្គលម្នាក់នៃជដិលចំនួន ១ ពាន់នាក់ សម្រេច អរហត្ត ក្នុងវេលាចប់អាទិត្តបិយាយសូត្រ គប្បីជ្រាបថា ជាព្រះមហាសាវ័ក មួយរូប ។ ព្រោះលោកប្រកបដោយអត្តភាព សម្បូរដោយលក្ខណៈ បរិបូណ៌ ដោយអាការទាំងពួង ស្មើដោយព្រហ្ម ដូច្នោះ ទើបបានសម្មតិនាមថា លក្ខណៈ ។ ឯព្រះមហាមោគ្គល្លាន សម្រេចអរហត្ត ក្នុងថ្ងៃទី ៧ រាប់អំពី ថ្ងៃដែលលោកបួស ជាព្រះអគ្គទុតិយសាវ័ក ។ បទថា សិតំ បត្វាកាសិ សេចក្តីថា បានធ្វើការញញឹម តិចៗ ឲ្យប្រាកដ លោកអធិប្បាយទុកថា ប្រកាស គឺសម្តែង ។ សួរថា ព្រោះឃើញអ្វី ទើបព្រះថេរៈធ្វើញញឹមឲ្យប្រាកដ ។ ឆ្លើយថា ព្រោះបានឃើញសត្វ កើតក្នុងបេតលោកម្នាក់ មានតែរាងឆ្អឹង ដែលមកហើយក្នុងបាលីខាងដើម ។ ឯលោកឃើញសត្វនោះដោយទិព្វចក្ខុ មិនបានឃើញដោយបសាទចក្ខុឡើយ ។ ពិតហើយ អត្តភាពទាំងនោះ រមែង មិនប្រាកដដល់បសាទចក្ខុ ។ សួរថា បើលោកឃើញអត្តភាពនេះហើយ គួរ ធ្វើសេចក្តីករុណា ព្រោះហេតុអ្វី ទើបធ្វើការញញឹមឲ្យប្រាកដ ។ ឆ្លើយថា ព្រោះរពឫកដល់សម្បត្តិរបស់ខ្លួន និងពុទ្ធញ្ញាណ ។ ពិតហើយ ព្រះថេរៈឃើញ អត្តភាពនោះហើយ រពឫកដល់សម្បត្តិរបស់ខ្លួនថា អញរួចផុតហើយចាកអត្តភាពដែលមានសភាពបែបនេះ ដែលបុគ្គលមិនឃើញសច្ចៈគប្បីបាន នេះជា លាភរបស់អញហ្ន៎ អញបានល្អហើយហ្ន៎ រពឫកដល់សម្បត្តិនៃពុទ្ធញ្ញាណយ៉ាង នេះថា ឱ ញាណសម្បត្តិរបស់ព្រះមានព្រះភាគ ទ្រង់សម្តែងថា ម្នាលភិក្ខុ ទាំងឡាយ កម្មវិបាកជាអចិន្តេយ្យ មិនគួរគិតដូច្នេះ ព្រះពុទ្ធទាំងឡាយ ទ្រង់ រមែងសម្តែងកម្មវិបាកនោះឲ្យប្រចក្សហ្ន៎ ធម្មធាតុដែលព្រ