អដ្ឋកថា មង្គុលិត្ថិសូត្រ ទី ៤- ស្រីមង្គុឡី ស្រីមានរូបអាក្រក់ ក្លិនអាក្រក់
ក្បាលទី 21 · ទំព័រ 417
ក្នុងរឿងស្រីមានក្លិនស្អុយ មានវិនិច្ឆ័យដូចតទៅនេះ បទថា មង្គុឡឹ បានដល់ មានរូបចម្លែក មិនគួរមើល គួរខ្ពើមរអើម ។ បានឮថា នាងជាស្រីមេមត់ ធ្វើកម្មរបស់ស្រីដែលជាទាសីយក្ខ ត្រាច់ប្រកាសថា បើ មនុស្សនេះៗ ធ្វើពលីកម្មយ៉ាងនេះ ពួកអ្នកទាំងឡាយនឹងចម្រើនយ៉ាងនេះ ដូច្នេះហើយ បញ្ឆោតយកគ្រឿងក្រអូប និងផ្កាជាដើមរបស់មហាជន ឲ្យ មហាជនមានការឃើញអាក្រក់ ឃើញខុស ព្រោះដូច្នោះ ទើបនាងមាន ចំណែកស្មើជាមួយកម្មនោះ ទើបនាងមានក្លិនស្អុយ ព្រោះលួចរបស់ក្រអូប និងផ្កាជាដើម នាងកើតមានរូបមិនគួរពិតពិលរមិលមើល គួររង្កៀស ព្រោះ ឲ្យអ្នកកាន់យកការឃើញអាក្រក់ ។