អដ្ឋកថា ឱកិលិនីសូត្រ ទី ៥- ស្រីមានកាយឆេះ - ឱកិលិនីប្រេត
ក្នុងរឿងស្រីមានខ្ទុះហូរ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឧបក្កំ ឱកិលិនឹ ឱកិរិណឹ សេចក្តីថា បានឮថា ស្រីនោះដេក ម្រះននេលោ ឆេះនៅលើជើងថ្ករ ដែលពេញទៅដោយរងើកភ្លើង ព្រោះដូច្នោះ ទើបនាង ក្តៅអន្ទះអន្ទែង គឺមានរាងកាយត្រូវកម្តៅភ្លើងដុតរោល មានទឹករងៃហូរ មាន រាងកាយប្រឡាក់ប្រឡូស គឺមានខ្ទុះហូរចេញអំពីរាងកាយរបស់នាង និងមាន រាងកាយពេញទៅដោយរងើកភ្លើង ដេរដាសទៅដោយរងើកភ្លើង គឺខាងក្រោម របស់នាង មានរងើកភ្លើង មានពណ៌ដូចផ្កាចារ ត្រង់ចំហៀងទាំង ២ ក៏ដូចគ្នា ខាងលើមានរងើកភ្លើងធ្លាក់ចុះមកអំពីអាកាស ហេតុនោះ ទើប លោកពោលថា ឧបក្កំ ឱកិលិនឹ ឱកិរិណឹ ដូច្នេះ ។ បទថា សា ឥស្សាបកតា សបតឹ អង្គារកដាហេន ឱកិរិ សេចក្តីថា បានឮថា ស្រីរបាំម្នាក់ របស់ព្រះរាជានោះ រៀបចង្ក្រានភ្លើងទុកក្បែរៗ ជូតទឹកអំពីខ្លួន និងបាតដៃ ជូតញើស សូម្បីព្រះរាជាក៏ទ្រង់សន្ទនា និងសម្តែងអាការត្រេកអរជាមួយ នាង ។ ព្រះអគ្គមហេសីអត់ធន់នឹងអាការនោះមិនបាន ត្រូវសេចក្តីប្រចណ្ឌ គ្របសង្កត់ កាលព្រះរាជាចៀសចេញទៅមិនយូរ ព្រះនាងកាន់យកចង្ក្រាន រងើកភ្លើងនោះ ចាក់រងើកភ្លើងលើស្រីនោះ ។ ព្រះនាងធ្វើកម្មនោះហើយ កើតក្នុងបេតលោក ដើម្បីសោយវិបាក ដូច្នោះ ជាការតបស្នង ។