បាបសាមណេរីសូត្រ ទី ១១ - សាមណេរី ឆេះ

ក្បាលទី 21 · ទំព័រ 253

បទថា យថាភិរន្តំ បានដល់ តាមគាប់ចិត្ត គឺតាមអធ្យាស្រ័យ ។ បទថា តិកភោជនំ បញ្ញត្តំ លោកពោលដល់សិក្សាបទដែល ព្រះមានព្រះភាគបញ្ញត្តថា ភិក្ខុត្រូវអាបត្តិបាចិត្តិយៈ ព្រោះឆាន់គណៈភោជន វៀរលែងតែមានសម័យ ដូច្នេះ ។ ភិក្ខុ ៣ រូប ពេញចិត្តទទួលនិមន្តជា អកប្បិយរួមគ្នា ត្រូវអាបត្តិព្រោះគណៈភោជននោះ ព្រោះដូច្នោះ ទើបលោក ពោលថា តិកភោជនំ ដូច្នេះ ។ បទថា ទុម្មង្កូនំ បុគ្គលានំ និគ្គហាយ បានដល់ ដើម្បី សង្កត់សង្កិនបុគ្គលទ្រុស្តសីល ។ បទថា បេសលានំ ភិក្ខូនំ ផាសុវិហារាយ សេចក្តីថា ឧបោសថ និងបវារណា រមែងប្រព្រឹត្តទៅដើម្បីភិក្ខុជាអ្នកមាន សីលជាទីស្រឡាញ់ ដោយការសង្កត់សង្កិន នូវបុគ្គលចំពោះមុខនោះឯង ។ ការនៅព្រមព្រៀងគ្នារមែងមាន ។ នេះជាផាសុកវិហាររបស់បេសលភិក្ខុទាំងនោះ ។ ដើម្បីប្រយោជន៍ដល់ការនៅជាសុខនេះ ។ បទថា មា បបិច្ឆា បក្ខំ និស្សាយ សង្ឃំ ភិន្ទេយ្យុំ សេចក្តីថា ទេវទត្តហាមាត់សូមក្នុងត្រកូល ដោយខ្លួនឯង ហើយបរិភោគអាស្រ័យភិក្ខុប្រាថ្នាលាមក បំបែកសង្ឃ យ៉ាងណា បុគ្គលប្រាថ្នាលាមកពួកដទៃ ហាមាត់សូមក្នុងត្រកូល ដោយជាគណៈ បរិភោគ ឲ្យគណៈចម្រើនហើយ អាស្រ័យបក្សពួកនោះ គប្បីបំបែកសង្ឃ បាន ដូច្នោះ ទើបទ្រង់បញ្ញត្តដោយហេតុនោះឯង ។ បទថា កុលានុទយតាយ ច សេចក្តីថា កាលភិក្ខុសង្ឃធ្វើឧបោសថ និងបវារណា ព្រមព្រៀងគ្នា ពួកមនុស្សថ្វាយសលាកភត្តជាដើម រមែងជា អ្នកមានស្ថានសួគ៌ជាទីទៅខាងមុខ អធិប្បាយថា ទ្រង់បញ្ញត្តដើម្បីអនុគ្រោះ ត្រកូលនេះ ដោយប្រការដូច្នេះ ។