កូដសូត្រទី ១
ក្បាលទី 21 · ទំព័រ 425
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បង្កង់ ណានីមួយ នៃផ្ទះមានកំពូល បង្កង់ទាំងអស់នោះ ងាកទៅរកកំពូល ប្រជុំទៅរក កំពូល ប្រឈមទៅរកកំពូល បង្កង់ទាំងអស់នោះ ដល់នូវការប្រឈមទៅ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ទាំងឡាយណានីមួយ អកុសល ធម៌ទាំងអស់នោះ មានអវិជ្ជាជាមូល មានអវិជ្ជាជាទីប្រជុំ ប្រឈមទៅរកអវិជ្ជា អកុសលធម៌ទាំងអស់នោះ ដល់នូវការប្រឈមទៅ យ៉ាងនោះឯង ។ ម្នាល ភិក្ខុទាំងឡាយ ហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាង នេះថា យើងទាំងឡាយជាអ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។