អដ្ឋកថា ឱក្ខាសូត្រទី ៤ - ចម្រើនមេត្តចិត្ត ត្រឹមការរឹតទឹកដោះគោ

ក្បាលទី 21 · ទំព័រ 432

ក្នុងឱក្ខាសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឱក្ខាសតំ បានដល់ ឆ្នាំងដែលមានមាត់ធំ ១០០ ឆ្នាំង ។ បទថា ទានំ ទទេយ្យ សេចក្តីថា គប្បីឲ្យទាននូវឆ្នាំងធំដែលពេញដោយភោជនប្រណីត ១០០ ឆ្នាំង ។ បាលីថា ឧក្កាសតំ ដូច្នេះក៏មាន ។ សេចក្តីរបស់បាលីនោះ ថា ប្រទីប ១០០ អធិប្បាយថា គប្បីថ្វាយទានពេញដោយរតនៈ ៧ អស់ទី ១០០ ដង អំពីស្ថានទីនៃពន្លឺប្រទីប ១ ដួងផ្សាយទៅដល់ ។ បទថា គទ្ទូហនមត្តំ បានដល់ ត្រឹមតែការស្រក់ទឹកដោះនៃមេគោ អធិប្បាយថា ត្រឹមតែ ការច្របាច់ដោះមេគោម្តង ។ ម្យ៉ាងទៀត អធិប្បាយថា ត្រឹមតែលះបង់ក្លិន គឺត្រឹមតែប្រើម្រាម ២ ចាប់ដុំគ្រឿងក្រអូបហិតម្តង ។ អស់កាលមានប្រមាណ បុណ្ណេះ បុគ្គលណាអាចចម្រើនមេត្តាចិត្ត ផ្សាយប្រយោជន៍ទៅក្នុងសព្វសត្វ ក្នុងលោកធាតុទាំង ៤ ដែលមិនមានប្រមាណដោយកំណត់យកបន្ទប់បរិវេណ និងឧបចារវិហារ ឬដោយកំណត់យកចក្កវាឡ ការចម្រើនមេត្តាចិត្តនៃបុគ្គល នោះ មានផលច្រើនជាងនោះ គឺជាងទានដែលគេឲ្យមួយថ្ងៃ ៣ ដង ។