កលិង្គរសូត្រ ទី ៨ - ឧបមាដោយស្តេចលិច្ឆវី - ភិក្ខុក្នុងកាល អនាគត មានដំណេកស្រួល មារបាននូវចន្លោះ
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី ។ ក្នុងទីនោះ ព្រះមានព្រះភាគ ត្រាស់ហៅ ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគបានត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ ឥឡូវ ពួកស្តេចលិច្ឆវីមានអង្កត់ឧសជាខ្នើយ គឺថា យកអង្កត់ឧស ពកឈើ គគីរ ធ្វើជាខ្នើយរងព្រះសិរ និងព្រះបាទ ជាអ្នកមិនប្រមាទ មានសេចក្តីព្យាយាម ក្នុងការចូលទៅជិត ( អាចារ្យ ) ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ក៏មិនបាននូវចន្លោះ មិនបាននូវអារម្មណ៍ នៃស្តេចលិច្ឆវីទាំងនោះ ឡើយ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលជាអនាគតទៅ ពួកស្តេចលិច្ឆវី ជាសុខុមាលជាតិ មានផ្ទៃព្រះហស្តនិងព្រះបាទដ៏ទន់ ក្សត្រទាំងនោះនឹងសម្រេច សេយ្យាលើក្រឡាបន្ទំដ៏ទន់ មានខ្នើយដ៏ក្រាស់ ដរាបដល់ថ្ងៃរះ ព្រះបាទអជាតសត្តុវេទេហិបុត្តជាឥស្សរៈក្នុងដែនមគធៈ ក៏បាននូវចន្លោះ បាននូវអារម្មណ៍ នៃស្តេចលិច្ឆវីទាំងនោះ ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ភិក្ខុទាំងឡាយមានអង្កត់ ឧសជាខ្នើយ ជាអ្នកមិនប្រមាទ មានកិរិយាញ៉ាំងកិលេសឲ្យក្តៅ ក្នុងការធ្វើ សេចក្តីព្យាយាម មារចិត្តបាប ក៏មិនបាននូវចន្លោះ មិនបាននូវអារម្មណ៍ នៃ ភិក្ខុទាំងនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលជាអនាគតទៅ ភិក្ខុទាំងឡាយជាសុខុមាលជាតិ មានផ្ទៃដៃនិងជើងដ៏ទន់ ភិក្ខុទាំងនោះ សម្រេចនូវការ