នាគសូត្រ ទី ៩ -ឧបមាដោយ ដំរី

ក្បាលទី 21 · ទំព័រ 451

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក៏ ក្នុងសម័យនោះឯង មានភិក្ខុបួសថ្មីមួយរូប ចូលទៅរកត្រកូលហួសវេលា ។ ភិក្ខុទាំងឡាយនិយាយនឹងភិក្ខុនោះយ៉ាងនេះថា លោកមានអាយុ កុំចូលទៅរក ត្រកូលហួសវេលាឡើយ ។ ភិក្ខុនោះ កាលបើពួកភិក្ខុនិយាយប្រាប់ ក៏បែរជា ពោលយ៉ាងនេះថា អម្បាលយ៉ាងពួកភិក្ខុជាថេរៈទាំងនេះ ម្តេចគង់សម្គាល់នូវ ត្រកូល ថាគួរចូលទៅរកបាន នឹងបាច់និយាយថ្វីត្រឹមខ្ញុំករុណា ។ គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។