អដ្ឋកថា នាគសូត្រ ទី ៩ -ឧបមាដោយ ដំរី
លុះភិក្ខុទាំងនោះ អង្គុយ ក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ក្នុងទីឯណោះ មានភិក្ខុបួសថ្មីមួយរូប ចូលទៅរកត្រកូលហួស វេលា ពួកភិក្ខុបាននិយាយនឹងភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុ កុំចូលទៅ រកត្រកូលហួសវេលាឡើយ ភិក្ខុនោះ កាលបើពួកភិក្ខុនិយាយប្រាប់ ក៏ បែរជា និយាយយ៉ាងនេះថា អម្បាលយ៉ាងពួកភិក្ខុជាថេរៈទាំងនេះ ម្តេចគង់ សម្គាល់នូវត្រកូល ថាគួរចូលទៅរកបាន នឹងបាច់ពោលទៅថ្វីត្រឹមខ្ញុំករុណា ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មក មានស្រះធំមួយ ក្នុងព្រៃរំលោង ដំរីទាំងឡាយតែងអាស្រ័យនៅនឹងស្រះ ធំនោះ ។ ដំរីទាំងនោះចុះទៅកាន់ស្រះនោះ ដកយកក្រអៅឈូក និងមើម ឈូក ដោយប្រមោយ ហើយរលាស់ឲ្យស្អាតល្អ លាងឲ្យជ្រះភក់ហើយ ទើបបរិភោគ ឯសរីរៈនោះ របស់ដំរីទាំងនោះ ក៏មានសម្បុរល្អផង មាន កម្លាំងផង ដំរីទាំងនោះក៏មិនដល់នូវមរណៈ ឬមិនដល់នូវទុក្ខស្ទើរនឹងមរណៈ ព្រោះអាហារនោះជាហេតុឡើយ ។ ម្នាលភិក្ខុទាំងឡាយ មានពួកកូនដំរីក្មេង សិក្សាតាមដំរីធំៗ ទាំងនោះឯង ក៏នាំគ្នាចុះទៅកាន់ស្រះនោះ ដកយកក្រអៅ ឈូក និងមើមឈូក ដោយប្រមោយ មិនបានរលាស់ឲ្យស្អាតល្អ មិនបាន លាងនូវក្រអៅ និងមើម ដែលមានភក់ចេញ ក៏បរិភោគទៅ សរីរៈនោះរបស់ កូនដំរីក្មេងទាំងនោះ ក៏មិនមានសម្បុរល្អ មិនមានកម្លាំង កូនដំរីក្មេងទាំងនោះ ក៏ដល់នូវមរណៈ ឬដល់នូវទុក្ខស្ទើរនឹងមរណៈ ព្រោះអាហារនោះជាហេតុ ។