ពិឡារសូត្រ ទី ១០
ក្បាលទី 21 · ទំព័រ 455
ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ក៏ក្នុង សម័យនោះឯង មានភិក្ខុមួយរូប ត្រាច់ទៅក្នុងត្រកូលហួសវេលា ។ ពួកភិក្ខុ បាននិយាយនឹងភិក្ខុនោះយ៉ាងនេះថា លោកមានអាយុ កុំត្រាច់ទៅក្នុងត្រកូល ហួសវេលាឡើយ ។ ភិក្ខុនោះ កាលបើពួកភិក្ខុនិយាយប្រាប់ ក៏មិនត្រេកអរ ។ គ្រានោះឯង ពួកភិក្ខុច្រើនរូបចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ភិក្ខុមួយរូបត្រាច់ទៅក្នុងត្រកូលហួសវេលា ពួកភិក្ខុបាននិយាយនឹងភិក្ខុនោះ យ៉ាងនេះថា លោកមានអាយុ កុំត្រាច់ទៅក្នុង ត្រកូលហួសវេលាឡើយដូច្នេះ ភិក្ខុនោះ កាលបើពួកភិក្ខុនិយាយប្រាប់ ក៏មិន ត្រេកអរ ។