ទុតិយសិង្គាលសូត្រ ទី ១២

ក្បាលទី 21 · ទំព័រ 460

ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងសាវត្ថី … ម្នាលភិក្ខុ ទាំងឡាយ អ្នកទាំងឡាយ បានឮរឿងនៃសត្វចចក កាលដែលនៅក្នុងបច្ចូសសម័យនៃរាត្រីដែរឬ ។ ព្រះករុណាព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ ចចក ចាស់ ចួនកាល ក៏មានកតញ្ញុកតវេទិតាធម៌ខ្លះដែរ ឯបុគ្គលពួកខ្លះ ក្នុងសាសនា នេះ ដែលប្តេជ្ញាខ្លួនជាសក្យបុត្រ បែរជាមិនមានកតញ្ញុកតវេទិតាធម៌ខ្លះទៅវិញ ក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ ជាអ្នកមានសេចក្តីកតញ្ញូកតវេទី ឧបការៈសូម្បីមានប្រមាណតិច ដែលគេធ្វើចំពោះយើងទាំងឡាយ នឹងមិន វិនាសបាត់បង់ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះ ចុះ ។ សូត្រទី ១២ ចប់ ឱបម្មសំយុត្តទី ៨ ចប់ ៥ ឧទ្ទាននៃឱបម្មសំយុត្តនោះ គឺ និយាយអំពីកំពូលផ្ទះ ១ ចុងនៃក្រចក ១ ត្រកូល ១ ខ្ទះ ១ លំពែង ១ ខ្មាន់ធ្នូ ១ រាងសមោរ ១ អង្កត់ ឧស ១ ដំរី ១ ឆ្មា ១ សត្វចចកពីរលើក ។