អដ្ឋកថា ឧបតិស្សសូត្រ ទី ២
ម្នាលអាវុសោ ខ្ញុំនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា សេចក្តី សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនគប្បី កើតឡើងដល់អាត្មាអញ ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរនៃសត្វ និង សង្ខារណា សត្វ និងសង្ខារនោះ មិនមានតិចតួចក្នុងលោកសោះឡើយ ។ កាលព្រះសារីបុត្តពោលយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏បាននិយាយនឹងព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាលសារីបុត្តមានអាយុ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើតដល់លោក ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរនៃព្រះសាស្តាដែរឬ ។ ម្នាលអាវុសោ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង ្ហៀតចង្អល់ចិត្ត មិនកើតឡើងដល់ខ្ញុំ ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរនៃ ព្រះសាស្តាទេ តែថា ខ្ញុំមានសេចក្តីត្រិរិះយ៉ាងនេះថា អើហ្ន៎ ព្រះសាស្តាមាន សក្តិធំ មានឫទ្ធិច្រើន មានអានុភាពច្រើន បាត់បង់ទៅហើយ ប្រសិនបើជា ព្រះមានព្រះភាគ ព្រះអង្គគប្បីគង់នៅអស់កាលជាអង្វែងទៅ ការគង់នៅរបស់ ព្រះអង្គនោះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីគុណ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ព្រោះថា អហង្ការ ( ទិដ្ឋិ ) មមង្ការ ( តណ្ញា ) និងមានានុស័យ ព្រះសារីបុត្តមានអាយុ បាន ដកចេញស្រឡះ អស់កាលយូរហើយ ហេតុដូច្នោះ ទើបសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើតឡើងដល់ព្រះសារី បុត្តមានអាយុ ព្រោះការប្រែប្រួល ការផ្លាស់ប្តូរនៃព្រះសាស្តាឡើយ ។