សុជាតសូត្រ ទី ៥

ក្បាលទី 21 · ទំព័រ 479

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះសុជាតមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ បានទតឃើញ នូវព្រះសុជាតមានអាយុ កំពុងមកអំពីចម្ងាយ លុះទតឃើញហើយ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ថា ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ ល្អដោយហេតុពីរយ៉ាង គឺកុលបុត្ត មានរូបល្អ គួរឲ្យពិតពិលរមិលមើល ជាទីជ្រះថ្លា ប្រកបដោយសម្បុរល្អ ក្រៃលែង ១ ពួកកុលបុត្តចេញចាកផ្ទះចូលមកកាន់ផ្នួស ដោយប្រពៃ ដើម្បី ប្រយោជន៍ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយ ប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ១ ។ ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ ។ បេ ។ ព្រះសាស្តា ត្រាស់ថា ភិក្ខុនេះមានចិត្តត្រង់ ប្រាសចាកកិលេសហើយ មិន ប្រកប ( ដោយកិលេស ) មានទុក្ខរលត់ហើយ ព្រោះ មិនបានប្រកាន់ ទើបឈ្មោះថាល្អពិត ទ្រទ្រង់នូវអត្តភាពជា ទីបំផុត បានឈ្នះនូវមារ ព្រមទាំងពាហនៈហើយ ។