នន្ទសូត្រ ទី ៨

ក្បាលទី 21 · ទំព័រ 489

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះនន្ទមានអាយុ ជាបុត្រនៃព្រះមាតុច្ឆា ( កូនម្តាយមីង ) នៃ ព្រះមានព្រះភាគ គ្រងចីវរទាំងឡាយដែលដំទាំងសងខាង បន្តក់ភ្នែកហើយ កាន់យកបាត្រដ៏រលោង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះនន្ទមានអាយុអង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមាន ព្រះភាគ ត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលនន្ទ ការណ៍ដែលអ្នកគ្រងចីវរ ទាំងឡាយ ដែលដំទាំងសងខាង បន្តក់ភ្នែករួចប្រើប្រាស់បាត្រដ៏រលោងយ៉ាង នេះ មិនសមគួរដល់ខ្លួនអ្នក ដែលជាកុលបុត្តចេញចាកផ្ទះមកកាន់ផ្នួសដោយ សទ្ធាឡើយ ម្នាលនន្ទ លុះតែអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ ជាអ្នកមិនប្រាថ្នាក្នុងកាមទាំងឡាយ យ៉ាងនេះ ទើបសមគួរ ដល់ខ្លួនអ្នក ដែលជាកុលបុត្តចេញចាកផ្ទះមកកាន់ផ្នួសដោយសទ្ធា ។ ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ ។ បេ ។ ព្រះសាស្តា ត្រាស់ថា អង្កាល់ទៅ ទើបតថាគតឃើញនន្ទថា ជាអ្នកប្រព្រឹត្ត អារញ្ញិកធុតង្គ បង្សុកូលិកធុតង្គ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្ត ទៅដោយភោជន ដ៏លាយច្រឡំ ជាអ្នកមិនប្រាថ្នាក្នុង កាមទាំងឡាយ ។ សម័យខាងក្រោយមក ទើបព្រះនន្ទមានអាយុ ជាអ្នកប្រព្រឹត្ត អារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ មិនប្រាថ្នាក្នុងកាម ទាំងឡាយ ។