តិស្សសូត្រ ទី ៩
ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះតិស្សៈមានអាយុ ជាបុត្ត នៃព្រះបិតុច្ឆា ( កូនម្តាយមីងខាងបិតា ) នៃព្រះមានព្រះភាគ ចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយ ក្នុងទីដ៏សមគួរ ក៏កើតទុក្ខទោមនស្ស យំសម្រក់ទឹកភ្នែកបណ្តើរ ។ គ្រានោះឯង ព្រះមានព្រះភាគបានត្រាស់សួរព្រះតិស្សៈមាន អាយុដូច្នេះថា ម្នាលតិស្សៈ ហេតុអ្វីបានជាអ្នកអង្គុយក្នុងទីដ៏សមគួរ កើតទុក្ខ ទោមនស្ស យំសម្រក់ទឹកភ្នែកដូច្នេះ ។ ព្រះតិស្សៈក្រាបទូលថា បពិត្រព្រះអង្គ ដ៏ចម្រើន ដ្បិតភិក្ខុទាំងឡាយជុំវិញខ្ញុំព្រះអង្គ បានចាក់ដោតដោយជន្លួញ គឺ សម្តី ។ ម្នាលតិស្សៈ តាមពិត អ្នកឯងជាអ្នកស្តីថាឲ្យគេ គួរជាអ្នកចេះអត់ទ្រាំ នឹងសម្តីគេវិញ ម្នាលតិស្សៈ បើអ្នកឯងជាអ្នកស្តីថាឲ្យគេ តែមិនចេះអត់ទ្រាំ នឹងសម្តីគេវិញ ដោយហេតុណា ហេតុនោះមិនសមគួរដល់ខ្លួនអ្នក ដែល ជាកុលបុត្តចេញចាកផ្ទះចូលមកកាន់ផ្នួស ដោយសទ្ធាឡើយ ម្នាលតិស្សៈ លុះតែអ្នកឯងជាអ្នកស្តីថាឲ្យគេ តែជាអ្នកចេះអត់ទ្រាំនឹងសម្តីគេវិញ ដោយ ហេតុណា ហេតុនោះ ទើបសមគួរដល់ខ្លួនអ្នក ដែលជាកុលបុត្តចេញចាកផ្ទះ មកកាន់ផ្នួសដោយសទ្ធា ។ ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា បានត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា ម្នាលតិស្សៈ អ្នកក្រោធអ្វី អ្នកកុំក្រោធ សេចក្តីមិន ក្រោធជាធម៌ដ៏ប្រសើរ របស់អ្នកហើយ ម្នាលតិស្សៈ ដ្បិតថា បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ដើម្បីតែកម្ចាត់បង់ នូវក្រោធ នូវសេចក្តីប្រកាន់និងសេចក្តីរំលុបគុណគេ ។