ថេរនាមកសូត្រ ទី ១០

ក្បាលទី 21 · ទំព័រ 500

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ ក៏ក្នុងសម័យនោះឯង មានភិក្ខុ មួយរូបបាននាមជាថេរៈ គង់នៅតែម្នាក់ឯងផង ពោលសរសើរចំពោះកិរិយា នៅតែម្នាក់ឯងផង ។ ភិក្ខុនោះចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតតែម្នាក់ឯង ត្រឡប់មកវិញតែម្នាក់ឯង អង្គុយក្នុងទីស្ងាត់តែម្នាក់ឯង អធិដ្ឋានចង្រ្កមតែម្នាក់ឯង ។ គ្រានោះឯង ភិក្ខុច្រើនរូបចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ភិក្ខុមួយរូប បាននាមជាថេរៈ នៅតែ ម្នាក់ឯងផង ពោលសរសើរចំពោះកិរិយានៅតែម្នាក់ឯងផង ។