អដ្ឋកថា ថេរនាមកសូត្រ ទី ១០
គ្រានោះឯង ព្រះមានព្រះភាគត្រាស់ហៅភិក្ខុមួយរូបទៀតមក បង្គាប់ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរទៅហៅភិក្ខុជាថេរៈតាមពាក្យតថាគត ថា ម្នាលអាវុសោ ព្រះសាស្តាត្រាស់ហៅអ្នកជាថេរៈ ។ ភិក្ខុនោះ ទទួលព្រះពុទ្ធ ដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយចូលទៅរកព្រះថេរៈ មានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រះថេរៈមាន អាយុថា ម្នាលអាវុសោ ព្រះសាស្តាត្រាស់ហៅអ្នកជាថេរៈ ។ ព្រះថេរៈមាន អាយុ ទទួលពាក្យភិក្ខុនោះថា អើ អាវុសោ ហើយចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏ សមគួរ ។ លុះព្រះថេរៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើប ព្រះមានព្រះភាគទ្រង់ត្រាស់សួរដូច្នេះថា ម្នាលថេរៈ ឮថា អ្នកនៅតែម្នាក់ឯង ផង ពោលសរសើរចំពោះកិរិយានៅតែម្នាក់ឯងផង ពិតឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលថេរៈ ចុះអ្នកនៅតែម្នាក់ឯងផង ពោលសរសើរចំពោះកិរិយា នៅតែម្នាក់ឯងផង ដោយប្រការដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីនេះ ខ្ញុំព្រះអង្គតែម្នាក់ឯង ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ត្រឡប់មកវិញតែ ម្នាក់ឯង អង្គុយក្នុងទីស្ងាត់តែម្នាក់ឯង អធិដ្ឋានចង្រ្កមតែម្នាក់ឯង បពិត្រព្រះអង្គ ដ៏ចម្រើន យ៉ាងនេះឯង ខ្ញុំព្រះអង្គ ឈ្មោះថានៅតែម្នាក់ឯងផង ពោល សរសើរចំពោះកិរិយានៅតែម្នាក់ឯងផង ។ ម្នាលថេរៈ កិរិយានៅតែម្នាក់ឯងនុ៎ះ មានហើយ តថាគត មិនពោលថាមិនមានទេ ម្នាលថេរៈ បុន្តែកិរិយានៅតែម្នាក់ឯងរបស់អ្នកនោះ ឈ្មោះថា បរិបូណ៌ដោយពិស្តារក្រៃពេក ដោយប្រការណា អ្នកចូរស្តាប់នូវ ប្រការនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែង ។ ព្រះករុណា ព្រះអង្គ បេ ។