មហាកប្បិនសូត្រ ទី ១១

ក្បាលទី 21 · ទំព័រ 504

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះមហាកប្បិនមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ បានទតឃើញព្រះមហាកប្បិនមានអាយុ កំពុងមកអំពីចម្ងាយ លុះទតឃើញហើយ ក៏ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឃើញភិក្ខុនុ៎ះកំពុងដើរមក មានសម្បុរស រាងតូចស្តើង មានច្រមុះកោង ឬទេ ។ ព្រះករុណាព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង មានឫទ្ធិច្រើន មានអានុភាពច្រើន សមាបត្តិណា ដែល ភិក្ខុនោះមិនធ្លាប់ចូល សមាបត្តិនោះបុគ្គលដទៃមិនបានដោយងាយឡើយ មួយ ទៀត ពួកកុលបុត្តចេញចាកផ្ទះចូលមកកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា ភិក្ខុនោះក៏បានត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បានដល់ដោយ ខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ជាទីបំផុតនៃព្រហ្មចរិយៈ ។ ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា ពួកជនណា ដែលចាំនូវគោត្របាន បណ្តាពួកជននោះ ក្សត្រ ប្រសើរវិសេស ក្នុងពពួកសត្វ បុគ្គលណា បរិបូណ៌ដោយវិជ្ជា និងចរណៈ បុគ្គលនោះ ប្រសើរ វិសេសក្នុងទេវតា និងមនុស្ស ព្រះអាទិត្យរុងរឿងក្នុង វេលាថ្ងៃ ព្រះចន្រ្ទភ្លឺស្វាង ក្នុងវេលារាត្រី ក្សត្រទ្រង់ គ្រឿង ទើបរុងរឿង ខីណាសវព្រាហ្មណ៍ មានឈាន ទើបរុងរឿង ចំណែកខាងព្រះពុទ្ធ រុងរឿងដោយតេជះ ទាំងថ្ងៃទាំងយប់ ។