សហាយកសូត្រ ទី ១២
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុពីររូបជាសម្លាញ់នឹងគ្នា ជាសទ្ធិវិហារិករបស់ព្រះមហាកប្បិន មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ បានទតឃើញភិក្ខុទាំងនោះកំពុងមកអំពី ចម្ងាយ លុះទតឃើញហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភិក្ខុទាំងពីររូបនុ៎ះជាសម្លាញ់នឹងគ្នាកំពុងដើរមក ជាសទ្ធិវិហារិករបស់មហាកប្បិនឬទេ ។ ព្រះករុណាព្រះអង្គ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុទាំងនុ៎ះឯង មានឫទ្ធិច្រើន មានអានុភាពច្រើន សមាបត្តិណា ដែលភិក្ខុទាំងនោះមិនធ្លាប់ចូល សមាបត្តិនោះ បុគ្គលដទៃមិនបានដោយងាយ ឡើយ មួយទៀត ពួកកុលបុត្តដែលចេញចាកផ្ទះចូលមកកាន់ផ្នួស ដោយ ប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ភិក្ខុទាំងនោះក៏បានត្រាស់ដឹង បាន ធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ ។