អធិប្បាយបហាន ៥ យ៉ាង
ម្យ៉ាងទៀត ក្នុងវិបស្សនាញាណ មាននាមរូបបរិច្ឆេទញ្ញាណជាដើម ការលះ អនត្ថៈនោះ ដោយវិបស្សនាញាណនោះៗ ដូចការលះងងឹត ដោយពន្លឺប្រទីប នោះឯង ដោយភាពជាបដិបក្ខគ្នា គឺលះសក្កាយទិដ្ឋិ ដោយការកំណត់នាមរូប លះទិដ្ឋិដែលមិនមានហេតុ និងទិដ្ឋិដែលមានហេតុមិនស្មើគ្នា ដោយការកំណត់ បច្ច័យ លះវិចិកិច្ឆាដោយកង្ខាវិតរណវិសុទ្ធិ ដែលជាចំណែកខាងចុងនៃការកំណត់ បច្ច័យនោះឯង លះការប្រកាន់ថា អញ របស់អញ ដោយការពិចារណានាមរូបជាកលាបៈ លះសញ្ញាក្នុងវត្ថុដែលមិនមែនផ្លូវ ថាជាផ្លូវដោយមគ្គាមគ្គញ្ញាណ ទស្សនវិសុទ្ធិ លះឧច្ឆេទទិដ្ឋិ ដោយឃើញការកើតរបស់នាមរូប លះសស្សតទិដ្ឋិ ដោយឃើញការរលត់របស់នាមរូប លះសញ្ញាក្នុងវត្ថុដែលមានភ័យថា ជារបស់មិនមានភ័យ ដោយការឃើញនាមរូបថាជាភ័យ លះសញ្ញាក្នុងអស្សាទ គឺសេចក្តីត្រេកអរដោយការឃើញអាទីនវ គឺទោស លះអភិរតិសញ្ញា ដោយ និព្វិទានុបស្សនា លះការមិនលះបង់ ដោយមុញ្ចិតុកម្យតាញាណ លះការមិន ព្រងើយដោយឧបេក្ខាញាណ លះធម្មដ្ឋិតិ ដោយអនុលោមញ្ញាណ លះភាវៈ ដែលជាបដិលោម ដោយព្រះនិព្វាន លះការកាន់យកនូវនិមិត្តក្នុងសង្ខារ ដោយគោត្រភូញាណ នេះឈ្មោះថា តទង្គប្បហាន ។ ការលះធម៌ មាននីវរណៈទាំងនោះជាដើម ដោយឧបចារសមាធិ និង អប្បនាសមាធិនោះឯង ដូចការសង្កត់ចកលើទឹកដោយឈើ ដោយឃាត់ភាវៈ គឺការប្រព្រឹត្តិទៅ នេះឈ្មោះថា វិក្ខម្ភនប្បហាន ។ ការលះពួកកិលេស ដែលជាចំណែកសមុទយៈ ដែលពោលដោយន័យ ជាដើមថា ដើម្បីលះទិដ្ឋិក្នុងសន្តានរបស់ខ្លួន ដោយមគ្គទាំងនោះ ព្រោះធ្វើ អរិយមគ្គ ៤ ឲ្យកើតដោយមិនឲ្យកើតឡើងជាសមុច្ឆេទ នេះឈ្មោះថា សមុច្ឆេទប្បហាន ។