អដ្ឋកថា ហាលិទ្ទិកានិសូត្រទី ៣

ក្បាលទី 21 · ទំព័រ 558

ក្នុងបឋមហលិទ្ធិកានិសូត្រទី ៣ មានវិនិច្ឆ័យដូច្នេះ បទថា អវន្តីសុ បានដល់ ក្នុងដែនអវន្តី ពោល គឺអវន្តីទក្ខិណាបថ ។ បទថា កុររឃរេ បានដល់ ក្នុងនគរមានឈ្មោះយ៉ាងនោះ ។ បទថា បបតេ បានដល់ ក្នុងជ្រោះមួយ បានឮថា ភ្នំនោះមានមួយចំហេងោ ហាក់ដូចដាច់ទៅ ។ បាលីថា បវត្តេ ដូច្នេះក៏មាន អធិប្បាយថា ជាទីប្រកាសលទ្ធិរបស់ពួកតិរ្ថិយផ្សេងៗ ។ ដូច្នោះ ទើបព្រះថេរៈអាស្រ័យនគរនោះ ក្នុងរដ្ឋនោះ ហើយនៅលើភ្នំនោះ ។ បទថា ហលទ្ធិកានិ បានដល់ គហបតីនោះ មានឈ្មោះយ៉ាងនោះ ។ បទថា អដ្ឋកវគ្គិយេ មាគណ្ឌិយប្បញ្ញេ បានដល់ ក្នុងបញ្ញាដែលមានឈ្មោះថា មាគណ្ឌិយប្បញ្ញា ក្នុងវគ្គទី ៨ ។ ដោយបទថា រូបធាតុ លោកបំណងយករូបក្ខន្ធ ។ បទថា រូបធាតុរាគវិនិពន្ធំ សេចក្តីថា ដែលតម្រេកក្នុងរូបធាតុរួបរឹតហើយ ។ បទថា វិញ្ញាណំ បានដល់ កម្មវិញ្ញាណ ។ បទថា ឱកសារី បានដល់ អាស្រ័យផ្ទះ ជានិច្ច គឺនៅអាស្រ័យជាប្រចាំ ។ សួរថា ព្រោះហេតុអ្វី ទើបក្នុងទីនេះលោក មិនពោលថា វិញ្ញាណធាតុ ខោ គហបតិ ។ ឆ្លើយថា ដើម្បីកម្ចាត់នូវ ការភាន់ច្រឡំ ។ ពិតហើយ ពោលដោយអត្ថ បច្ច័យលោកហៅថា ឱក កម្មវិញ្ញាណដែលកើតមុនរមែងជាបច្ច័យដល់កម្មវិញ្ញាណផង ដល់វិបាកវិញ្ញាណផង ដែលកើតខាងក្រោយ ឯវិបាកវិញ្ញាណ រមែងជាបច្ច័យដល់វិបាកវិញ្ញាណផង ដល់កម្មវិញ្ញាណផង ដូច្នោះ ដើម្បីកម្ចាត់ការភាន់ច្រឡំដែលគប្បីមានថា អ្វីហ្ន៎ ឈ្មោះថា វិញ្ញាណក្នុងទីនេះ ទើបទ្រង់មិនកំណត់យកសេចក្តីនោះ ធ្វើទេសនា ដោយមិនលាយឡំគ្នា ម្យ៉ាងទៀត កាលពោលដោយអំណាចអារម្មណ៍ ដើម្បី សម្តែងវិញ្ញាណដ្ឋិតិដែលបច្ច័យតាក់តែង ៤ យ៉ាងដែលត្រាស់នោះ ទើបមិន ចាត់វិញ្ញាណចូលក្នុងទីនេះ ។