សមាធិសូត្រទី ៥
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះ ឯង ព្រះមានព្រះភាគត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុ ទាំងនោះបានទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ទើបព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយចម្រើននូវសមាធិ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តតម្កល់មាំហើយ រមែងដឹងច្បាស់តាមសេចក្តីពិត ។ ចុះដឹងច្បាស់នូវអ្វីតាមសេចក្តីពិត ។ ដឹង ច្បាស់នូវការកើតឡើង និងសេចក្តីវិនាសទៅនៃរូប នូវការកើតឡើង និងសេចក្តី វិនាសនៃវេទនា នូវការកើតឡើង និងសេចក្តីវិនាសនៃសញ្ញា នូវការកើតឡើង និងសេចក្តីវិនាសនៃសង្ខារទាំងឡាយ នូវការកើតឡើង និងសេចក្តីវិនាសនៃ វិញ្ញាណ ។ ម្នាលភិក្ខុទាំងឡាយ ចុះការកើតឡើងនៃរូប តើដូចម្តេច ការកើតឡើង នៃវេទនា តើដូចម្តេច ការកើតឡើងនៃសញ្ញា តើដូចម្តេច ការកើតឡើង នៃសង្ខារទាំងឡាយ តើដូចម្តេច ការកើតឡើងនៃវិញ្ញាណ តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះតែងត្រេកអរសរសើរ ក្រសោបក្រសាវ យក ។ ចុះបុគ្គលនោះតែងត្រេកអរសរសើរក្រសោបក្រសាវយកអ្វី ។ បុគ្គល នោះតែងត្រេកអរសរសើរ ក្រសោបក្រសាវយកនូវរូប កាលបុគ្គលនោះ កំពុងត្រេកអរ សរសើរក្រសោបក្រសាវយកនូវរូប សេចក្តីត្រេកអរតែង កើតឡើង សេចក្តីត្រេកអរណាក្នុងរូប សេចក្តីត្រេកអរនោះ ហៅថា ឧបាទាន