អដ្ឋកថា ឧបាទាបរិតស្សនាសូត្រទី ៧ - ការតក់ស្លុតព្រោះ ប្រកាន់
បឋមឧបទានបរិតស្សនាសូត្រ បឋមឧបាទានបរិតស្សនាសូត្រទី ៧ មានវិនិច្ឆ័យដូច្នេះ បទថា ឧបទានបរិតស្សនំ បានដល់ ការតក់ស្លុតដែលកើតឡើងព្រោះការប្រកាន់ ។ បទថា ឧបទានអបរិតស្សនំ បានដល់ ការមិនតក់ស្លុតដែលកើតឡើង ព្រោះការមិនប្រកាន់ ។ បទថា រូបវិបរិណាមានុបរិវត្តវិញ្ញាណំ ហោតិ សេចក្តីថា កម្មវិញ្ញាណ រមែងជាធម្មជាតវិលវល់ទៅតាមការបែកនៃរូប ដោយន័យជាដើម ថា រូបរបស់អញប្រែប្រួលទៅហើយ ដូច្នេះ ឬថា រូបនេះ ធ្លាប់មាន ដល់អញហើយ ឥឡូវនេះ រូបនេះមិនមានដល់អញហ្ន៎ ដូច្នេះ ។ បទថា រូបវិបរិណាមានុបរិវត្តិជា បានដល់ ដែលកើតអំពីចិត្ត ដែលមានការ ប្រែប្រួលជាអារម្មណ៍ ដោយវិលទៅតាមរូបដែលប្រែប្រួលទៅ ។ បទថា បរិតស្សនាធម្មសមុប្បាទា បានដល់ ការតក់ស្លុតព្រោះតណ្ហា និងការឡើង ព្រមនៃអកុសលធម៌ ។ បទថា ចិត្តំ បានដល់ កុសលចិត្ត ។ បទថា បរិយាទាយ តិដ្ឋន្តិ បានដល់ គ្របសង្កត់តាំងនៅ ។ បទថា ឧត្តាសវា បាន ដល់ មានការតក់ស្លុត ។ បទថា វិឃាតវា បានដល់ មានការចង្អៀតចង្អល់ គឺមានសេចក្តីទុក្ខ ។ បទថា អបេក្ខវា បានដល់ មានការអាល័យ ។ បទថា ឧបទាយ ច បរិតស្សតិ បានដល់ ជាបុគ្គលឈ្មោះថា តក់ស្លុតព្រោះ ប្រកាន់ ។ បទថា ន រូបវិបរិណាមានុបរិវត្តិ បានដល់ កម្មវិញ្ញាណនោះ ឯង មិនមានដល់ព្រះខីណាស្រព ព្រោះដូច្នោះ ការពោលថា ការវិលទៅ តាមការប្រែប្រួលនៃរូប រមែងមិនមាន ដូច្នេះ ទើបត្រឹមត្រូវ ។