កាលត្តយទុក្ខសូត្រទី ១០
បទថា ហីនំ កច្ចាន ធាតុំ បដិច្ច បានដល់ អាស្រ័យ អធ្យាស្រ័យហើយ ។ បទថា បណិធិ ប្រែថា ការតាំងចិត្ត ។ ការតាំងចិត្ត នេះ រមែងកើតឡើងដល់បុគ្គលដែលប្រាថ្នាភាពជាស្រី ឬភាពជាតិរច្ឆាន មាន ស្វាជាដើម ។ បទថា ហីនោ បុគ្គលលោ សេចក្តីថា ធម៌ថោកទាបទាំងនោះ កើតឡើងដល់បុគ្គលណា បុគ្គលនោះក៏ឈ្មោះថា អាក្រក់ ។ បទថា ហីនាវា ចា សេចក្តីថា វាចាណាជាវាចារបស់បុគ្គលនោះ វាចានោះ ក៏ចាត់ថា អាក្រក់ ។ បទថា ហីនំ អាចិក្ខតិ គប្បីប្រកបបទគ្រប់បទថា បុគ្គលនោះ កាលប្រាប់ក៏ប្រាប់តែរបស់អាក្រក់បុណ្ណោះ កាលសម្តែងក៏សម្តែងតែរបស់ អាក្រក់បុណ្ណោះ ។ បទថា ឧបបត្តិ បានដល់ ឧបបត្តិ ២ យ៉ាង គឺការបាន ចំពោះ និងការកើត ។ ការកើតគប្បីជ្រាបដោយអំណាចកុសលដែលអាក្រក់ ជាដើម ការបានចំពោះ គប្បីជ្រាបដោយអំណាចហីនធម៌ ៣ ពួក ក្នុង ចិត្តុប្បាទក្ខណៈ ។ សួរថា សេចក្តីនេះដូចម្តេច ឆ្លើយថា ព្រោះបុគ្គលនោះ កើតក្នុងត្រកូលអន់ថយ ៥ ត្រកូល ឈ្មោះថា កើតក្នុងទីអាក្រក់ ព្រោះកើត ក្នុងត្រកូលវេស្សៈ និងសូទ្រៈ ឈ្មោះថា ជាកណ្តាល ព្រោះកើតក្នុងត្រកូលក្សត្រ និងព្រាហ្មណ៍ ឈ្មោះថា ប្រណីត ។ ព្រោះបានចំពោះនូវអកុសលចិត្តុប្បាទ ១២ ដួង ឈ្មោះថា ការបានដែលអាក្រក់ ព្រោះការបានធម៌ដែល ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា ជាកណ្តាល ព្រោះបាននូវលោកុត្តរធម៌ ៩ ឈ្មោះថា ប្រណីត ឯក្នុងទីនេះ បំណងយកការកើតតែម្យ៉ាង ។