ភារសូត្រទី ១
ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវភារធម៌ នូវអ្នកដែលនាំភារៈផង នូវការប្រកាន់មាំនូវ ភារៈផង នូវការដាក់ចុះនូវភារៈផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរ ស្តាប់នូវធម៌នោះចុះ ។ បេ ។ ទើបមានព្រះបន្ទូលសួរដូចម្តេចថា ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ឈ្មោះថា ភារៈ ។ គប្បីឆ្លើយថា ឧបាទានក្ខន្ធទាំង ៥ ។ ចុះឧបាទានក្ខន្ធទាំង ៥ តើដូចម្តេចខ្លះ ។ គឺរូបូបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ ១ ។ ម្នាល ភិក្ខុទាំងឡាយ នេះហៅថា ភារៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ឈ្មោះអ្នកនាំនូវភារៈ ។ គប្បីឆ្លើយថា បុគ្គល ។ គឺអ្នកមានអាយុនោះ មានឈ្មោះយ៉ាងនេះ មាន គោត្រយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា អ្នកនាំនូវភារៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ឈ្មោះថា ការប្រកាន់មាំនូវ ភារៈ ។ តណ្ហាដែលនាំកើតក្នុងភពថ្មី ប្រកបដោយតម្រេក ដោយអំណាច នៃសេចក្តីត្រេកត្រអាល មានកិរិយារីករាយក្នុងអារម្មណ៍នោះៗ ជាប្រក្រតី ។ តណ្ហានោះ ដូចម្តេចខ្លះ ។ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការប្រកាន់មាំនូវភារៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ឈ្មោះថា ការដាក់ចុះនូវ ភារៈ ។ សេចក្តីវិនាស និងសេចក្តីរលត់ មិនមានសេសសល់ កិរិយា លះបង់ កិរិយារលាស់ចោល កិរិយារួចស្រឡះ ការមិនមានអាល័យក្នុង តណ្ហានោះឯណា ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការដាក់ចុះនូវភារៈ ។ ព្រះមានព្រះភាគទ្រង់ត្រាស់នូវព្រះពុទ្ធដីកានេះហើយ លុះព្រះសុគតត្រាស់នូវ ព្រះពុទ្ធដីកានេះរួចហើយ បន្ទាប់ពីនោះមក ព្រះសាស្តាទ្រ