បរិញ្ញសូត្រទី ២
ក្បាលទី 21 · ទំព័រ 602
ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម៌ដែលត្រូវកំណត់ដឹងផង នូវកិរិយាកំណត់ដឹងផង អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា ធម៌ដែលត្រូវកំណត់ដឹង ។ ម្នាលភិក្ខុទាំងឡាយ រូបជាធម៌ដែលត្រូវ កំណត់ដឹង វេទនាជាធម៌ដែលត្រូវកំណត់ដឹង សញ្ញជាធម៌ដែលត្រូវកំណត់ដឹង សង្ខារជាធម៌ដែលត្រូវកំណត់ដឹង វិញ្ញាណជាធម៌ដែលត្រូវកំណត់ដឹង ។ ម្នាល ភិក្ខុទាំងឡាយ នេះហៅថា ធម៌ដែលត្រូវកំណត់ដឹង ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា ការកំណត់ដឹង ។ ម្នាលភិក្ខុទាំងឡាយ កិរិយាអស់រាគៈ កិរិយាអស់ទោសៈ កិរិយាអស់មោហៈ ណា ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការកំណត់ដឹង ។