នតុម្ហាកំសូត្រទី ១
ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់របស់ នេះចេញ របស់នោះ បើអ្នកទាំងឡាយ លះបង់ហើយ នឹងប្រព្រឹត្តទៅដើម្បី ប្រយោជន៍ ដើម្បីសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់ដូចម្តេចដែល មិនមែនរបស់អ្នកទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ រូបមិនមែនរបស់អ្នក ទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់នូវរូបនោះចេញ រូបនោះ បើអ្នក ទាំងឡាយលះបង់ហើយ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ។ វេទនាមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយចូរលះបង់វេទនានោះចេញ វេទនានោះ បើអ្នកទាំងឡាយលះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ។ សញ្ញាមិនមែនរបស់អ្នកទាំងឡាយទេ ។ សង្ខារទាំងឡាយ មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់សង្ខារនោះចេញ សង្ខារទាំងនោះ បើអ្នកទាំងឡាយលះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ។ វិញ្ញាណមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់វិញ្ញាណនោះចេញ វិញ្ញាណនោះ បើអ្នកទាំងឡាយលះបង់ ហើយ នឹងប្រព្រឹត្តដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ ដូចស្មៅ ឬឈើ មែកឈើ និងស្លឹកឈើ ណា ក្នុងវត្តជេតពននេះ អ្នកផងនាំយកចេញ ឬដុតចោល ឬក៏ធ្វើឲ្យ សមគួរដល់ហេតុ នូវស្មៅ ឬឈើ មែកឈើ និងស្លឹកឈើនោះ ចុះអ្នក ទាំងឡាយនឹងមានសេចក្តីត្រិះរិះយ៉ាងនេះថា អ្នកផងឈ្មោះថា នាំយកចេញ ឬដុតចោល ឬក៏ធ្វើឲ្យសមគួរដល់ហេតុ នូវយើងទាំងឡាយដែរឬទេ ។