ទុតិយនតុម្ហាកសូត្រទី ២
ក្បាលទី 21 · ទំព័រ 621
ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ របស់ ណាមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់របស់នោះចេញ របស់នោះ បើអ្នកទាំងឡាយលះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់ដូចម្តេចដែលមិនមែនរបស់ អ្នកទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ រូបមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់នូវរូបនោះចេញ រូបនោះ បើអ្នកទាំងឡាយលះបង់ ហើយ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ។ វេទនាមិនមែន របស់អ្នកទាំងឡាយទេ ។ សញ្ញាមិនមែនរបស់អ្នកទាំងឡាយទេ ។ សង្ខារ ទាំងឡាយមិនមែនរបស់អ្នកទាំងឡាយទេ ។