ទុតិយអនុធម្មសូត្រទី ៨

ក្បាលទី 21 · ទំព័រ 639

ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ អ្នកប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌ រមែងមានអនុធម៌នេះ គឺជាអ្នកពិចារណា ឃើញថា មិនទៀង ក្នុងរូប ។ ក្នុងវេទនា ។ ក្នុងសញ្ញា ។ ក្នុងសង្ខារ ។ ជាអ្នកពិចារណាឃើញថា មិនទៀងក្នុងវិញ្ញាណ ។ កាលបើភិក្ខុនោះ ពិចារណា ឃើញថា មិនទៀង ក្នុងរូប ។ ក្នុងវេទនា ។ ក្នុងសញ្ញា ។ ក្នុងសង្ខារ ។ កាលបើភិក្ខុនោះពិចារណាឃើញថា មិនទៀងក្នុងវិញ្ញាណ ក៏រមែងកំណត់ដឹង នូវរូប ។ នូវវេទនា ។ នូវសញ្ញា ។ នូវសង្ខារ ។ រមែងកំណត់ដឹងនូវ វិញ្ញាណ ។ កាលបើភិក្ខុនោះ កំណត់ដឹងនូវរូប ។ នូវវេទនា ។ នូវសញ្ញា ។ នូវសង្ខារ ។ កាលបើភិក្ខុនោះ កំណត់ដឹងនូវវិញ្ញាណ រមែងរួចស្រឡះចាក រូប រួចស្រឡះចាកវេទនា រួចស្រឡះចាកសញ្ញា រួចស្រឡះចាកសង្ខារ រួច ស្រឡះចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្ហៀតចង្អល់ចិត្ត តថាគតពោលថា បុគ្គលនោះរួចស្រឡះចាកវដ្តទុក្ខ ។