អត្តទីបសូត្រទី ១
ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ អ្នក ទាំងឡាយ ចូរយកខ្លួនជាទីពឹង យកខ្លួនជាទីរពឫក កុំយករបស់ដទៃជាទីពឹង ទីរពឫកឡើយ ចូរយកធម៌ជាទីពឹង យកធម៌ជាទីរពឫក កុំយករបស់ដទៃ ជាទីពឹងទីរពឫកឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលបើយកខ្លួនជាទីពឹង យកខ្លួនជាទីរពឫក មិនយករបស់ដទៃជាទីពឹងទីរពឫក យកធម៌ជាទីពឹង យកធម៌ ជាទីរពឫក មិនយករបស់ដទៃជាទីពឹងទីរពឫកហើយ គប្បីពិចារណារកហេតុ ដោយយោបល់ថា សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្ហៀតចង្អល់ចិត្ត កើតមកអំពីអ្វី មានមកអំពីអ្វី ។ ម្នាលភិក្ខុ ទាំងឡាយ ចុះសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និង សេចក្តីចង្ហៀតចង្អល់ចិត្ត តើកើតមកអំពីអ្វី មានមកអំពីអ្វី ។ ម្នាលភិក្ខុ ទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះ អិរយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនសិក្សាក្នុងអរិយធម៌ មិនបានឃើញ ពួកសប្បុរស មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌ មិនសិក្សាក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញនូវរូបថាជាខ្លួនខ្លះ ឃើញនូវខ្លួនថាមានរូបខ្លះ ឃើញនូវ រូបថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួនថាមានក្នុងរូបខ្លះ លុះរូបនោះ របស់បុគ្គល នោះ ប្រែប្រួលវិបត្តិផ្សេងៗទៅ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តី ទុក្ខ ទោមនស្ស សេចក្តីចង្ហៀតចង្អល់ចិត្ត ក៏កើតឡើងដល់បុគ្គលនោះ ព្រោះ រូបប្រែប្រួលវិបត្តិទៅផ្សេងៗ ។ បុគ្គលនោះ ពិចារណាឃើញនូវវេទនាថាជា ខ្លួនខ្លះ ឃើញនូវខ្លួនថាមានវេទនាខ្លះ ឃើញនូវវេទនាថា មានក្នុងខ្លួនខ្លះ ឃើញនូវខ្លួនថា មានក្នុងវេទនាខ្លះ លុះវេទនានោះ របស់បុគ្គលនោះ ប្រែប្រួល វិបត្តិផ្សេងៗទៅ សេចក្តី