អដ្ឋកថា ឧបយសូត្រទី ១
ក្បាលទី 21 · ទំព័រ 676
មជ្ឈិមបណ្ណាសក ក្នុងឧបាយសូត្រទី ១ នៃឧបាយវគ្គ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឧបយោ បានដល់ ចូលដល់ខន្ធ ៥ ដោយអំណាចតណ្ហា មានះ និងទិដ្ឋិ ។ បទថា វិញ្ញាណំ បានដល់ កម្មវិញ្ញាណ ។ បទថា អាបជ្ជេយ្យ បានដល់ គប្បីឲ្យកម្មទ្រុឌទ្រោមទៅហើយ ដល់នូវការចម្រើនជាដើម ដោយ ភាពជាធម្មជាតអាចទាញបដិសន្ធិមកបាន ។ ព្រោះក្នុងការមិនកាន់យកបទថា វិញ្ញាណូបយំ លោកបានពោលហើយនោះឯង ។ បទថា វោច្ឆិជ្ជតារម្មណំ សេចក្តីថា អារម្មណ៍រមែងដាច់ចុះ ព្រោះមិនអាចទាញបដិសន្ធិមក ។ បទថា បតិដ្ឋា វិញ្ញាណស្ស សេចក្តីថា កម្មវិញ្ញាណរមែងមិនមានទីតាំងអាស្រ័យ ។ បទថា តទប្បតិដ្ឋិតំ កាត់បទជា តំ ឧប្បតិដ្ឋិតំ ។ បទថា អនភិសង្ខច្ច វិមុត្តំ សេចក្តីថា មិនតាក់តែងបដិសន្ធិ រួចផុតទៅ ។