អដ្ឋកថា ឧទានសូត្រទី ៣
ក្នុងឧទានសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូច្នេះ បទថា ឧទានំ ឧទានេសិ សេចក្តីថា ទ្រង់បន្លឺឧទានដែលមានសោមនស្ស ដ៏មានកម្លាំងជា សមុដ្ឋាន ។ សួរថា សោមនស្សនោះ កើតដល់ព្រះមានព្រះភាគ ព្រោះ អាស្រ័យអ្វី ឆ្លើយថា ព្រោះអាស្រ័យភាវៈដែលសាសនា ជាហេតុនាំសត្វ ចេញចាកទុក្ខ ។ សេចក្តីនេះដូចម្តេច បានឮថា ទ្រង់ព្រះតម្រិះថា ឧបនិស្ស័យ របស់តថាគត មាន ៣ យ៉ាង គឺទានូបនិស្ស័យ សីលូបនិស្ស័យ ភាវនូបនិស្ស័យ ក្នុងឧបនិស្ស័យ ៣ យ៉ាងនោះ ទានូបនិស្ស័យ និងសីលូបនិស្ស័យ មានកម្លាំងទន់ខ្សោយ ភាវនូបនិស្ស័យមានកម្លាំងខ្លាំងក្លា ពិតហើយ ទានូបនិស្ស័យ និងសីលូបនិស្ស័យ រមែងញ៉ាំងសត្វឲ្យសម្រេចមគ្គ ៣ និងផល ៣ ភាវនូបនិស្ស័យឲ្យសម្រេចអរហត្ត ភិក្ខុតាំងនៅក្នុងឧបនិស្ស័យដែលមាន កម្លាំងខ្សោយ ប្រឹងប្រែងព្យាយាម កាត់នូវចំណង គឺឱរម្ភាគិយសំយោជនៈ ៥ បានហើយ រមែងធ្វើមគ្គ ៣ និងផល ៣ ឲ្យកើត ដោយប្រការដូច្នេះ កាល ទ្រង់ប្រមើលមើលថា គួរអស្ចារ្យពិតហ្ន៎ ព្រះសាសនា ជានិយ្យានិក នាំសត្វ ចេញចាកទុក្ខ សោមនស្សនេះ រមែងកើតឡើង ។