រឿងព្រះមិលកត្ថេរ
ក្នុង ២ យ៉ាងនោះ ភិក្ខុតាំងនៅក្នុងឧបនិស្ស័យដែលមានកម្លាំងទន់ខ្សោយ ព្យាយាមប្រឹងប្រែង រមែងសម្រេចមគ្គ ៣ ផល ៣ ដូច្នោះ ដើម្បីនឹងបើក នូវអត្ថនេះ គប្បីជ្រាបរឿងព្រះមិលកត្ថេរ រឿង ព្រះមិលកត្ថេរ បានឮថា ក្នុងពេលជាគ្រហស្ថ ព្រះថេរៈនោះ ចិញ្ចឹមជីវិត ដោយធ្វើ បាណាតិបាត ប្រកបនូវអន្ទាក់ ១០០ អង្គប់ ១០០ ក្នុងព្រៃ ។ ក្រោយមក ថ្ងៃមួយ ព្រាននោះទំពាស៊ីសាច់ដែលអាំងលើរងើកភ្លើង ហើយត្រាច់ទៅក្នុង ទីជិតអន្ទាក់ ត្រូវសេចក្តីស្រេកឃ្លានគ្របសង្កត់ ទើបទៅកាន់វិហាររបស់ ព្រះថេរៈដែលជាអ្នកនៅព្រៃមួយរូប បើកក្អមទឹកដែលតាំងនៅក្នុងទីមិនឆ្ងាយ របស់ព្រះថេរៈដែលកំពុងចង្រ្កម មិនបានឃើញទឹកសូម្បីត្រឹមតែសើមដៃ ។ គាត់ក្រោធពោលថា ភិក្ខុ ភិក្ខុ ពួកលោកឆាន់ភោជនដែលគហបតីឲ្យហើយ ដេកលក់ទៅ មិនរេបោចំដងទឹក សូម្បីត្រឹមតែមួយថ្នាំងដៃក្នុងក្អម នុ៎ះជាវត្ថុ មិនត្រឹមត្រូវ ។ ព្រះថេរៈពោលថា អាត្មាបានតាំងក្អមទឹកពេញហើយ តើ នេះមកពីហេតុអ្វីហ្ន៎ ដូច្នេះហើយ ទើបទៅពិនិត្យមើល ឃើញទឹកពេញក្អម ទើបពន្លិចស័ង្ខសម្រាប់ដងទឹករហូតពេញ បានឲ្យហើយ ។ ព្រានផឹកទឹកពេញ ស័ង្ខទី ២ គិតថា ឈ្មោះថា ក្អមដែលពេញដោយទឹកយ៉ាងនេះ អាស្រ័យកម្ម របស់អញ ហាក់បីដូចជាអំបែងក្តៅ ក្នុងអនាគត អត្តភាពរបស់អាត្មាអញ ដូចម្តេចហ្ន៎ មានចិត្តសង្វេគ ចោលធ្នូ ហើយពោលថា សូមលោកម្ចាស់ បំបួសខ្ញុំផងចុះ ។ ព្រះថេរៈប្រាប់តចបញ្ចកកម្មដ្ឋាន ហើយឲ្យព្រាននោះ បព្វជ្ជា ។