ឧបាទានបរិបវត្តសូត្រទី ៤

ក្បាលទី 21 · ទំព័រ 694

ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះ មាន ៥ ប្រការ ។ ឧបានទានក្ខន្ធ ៥ តើដូចម្តេច ។ គឺរូបូបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ដឹងច្បាស់តាមពិត នូវឧបាទានក្ខន្ធទាំង ៥ នេះ ដែលមានបរិវដ្តៈបួនៗ ត្រឹមណា ម្នាលភិក្ខុ ទាំងឡាយ តថាគតមិនទាន់ប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងវេទលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសត្រឹមនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ កាលណា តថាគត បានដឹងច្បាស់តាមពិត នូវឧបាទានក្ខន្ធទាំង ៥ នេះ ដែលមានបរិវដ្តៈបួនៗ ហើយ ម្នាលភិក្ខុទាំងឡាយ កាលនោះ ទើបតថាគតប្តេជ្ញាខ្លួនថា ជាអ្នក ត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក ។ បេ ។ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសបាន ។ ឧបាទានក្ខន្ធដែលមានបរិវដ្តៈបួនៗ ដូចម្តេច ។ គឺតថាគតដឹងច្បាស់នូវរូប ដឹងច្បាស់ នូវការកើតឡើងនៃរូប ដឹងច្បាស់នូវការរលត់នៃរូប ដឹងច្បាស់នូវសេចក្តី ប្រតិបត្តិទៅកាន់ទីរលត់នៃរូប ។ ដឹងច្បាស់នូវវេទនា ។ នូវសញ្ញា ។ នូវ សង្ខារទាំងឡាយ ។ តថាគតដឹងច្បាស់នូវវិញ្ញាណ ដឹងច្បាស់នូវការកើតឡើង នៃវិញ្ញាណ ដឹងច្បាស់នូវការរលត់នៃវិញ្ញាណ ដឹងច្បាស់នូវសេចក្តី ប្រតិបត្តិទៅកាន់ទីរលត់នៃវិញ្ញាណ ។