អដ្ឋកថា ឧបាទានបរិបវត្តសូត្រទី ៤
ក្នុងឧបាទានបរិវដ្តសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា ចតុប្បរិវដ្តំ បានដល់ ការវិល ៤ យ៉ាង ក្នុងខន្ធនីមួយៗ ។ បទថា រូបំ អព្ភញ្ញាសឹ សេចក្តីថា បានដឹងក្រៃលែងថា រូបជាទុក្ខសច្ច ។ គប្បីជ្រាប អត្ថ ដោយអំណាចសច្ចៈ ៤ ក្នុងបទទាំងពួង ដោយប្រការដូច្នេះ ។ កពឡិង្ការាហារដែលប្រព្រឹត្តទៅជាមួយឆន្ទរាគៈ ឈ្មោះថា អាហារ ក្នុងបទថា អាហារសមុទយា នេះ ។ បទថា បដិបន្នា បានដល់ ជាអ្នកបដិបត្តិ តាំងអំពីសីល រហូតដល់អរហត្តមគ្គ ។ បទថា គាធន្តិ ប្រែថា តាំងនៅ ។ ព្រះមាន ព្រះភាគត្រាស់សេក្ខភូមិ ដោយព្រះតម្រាស់មានប្រមាណបុណ្ណេះ ឥឡូវនេះ កាលនឹងត្រាស់អសេក្ខភូមិ ទើបត្រាស់បទថា យេ ច ខោ កេចិ ភិក្ខវេ ដូច្នេះជាដើម ។ បទថា សុវិមុត្តា បានដល់ រួចផុតដោយល្អ ដោយអំណាច អរហត្តមគ្គ ។ បទថា កេពលិនោ បានដល់ មានកម្លាំងជារបស់ខ្លួន គឺ មានកិច្ចគប្បីធ្វើ ។ បទថា វដ្តំ តេសំ នត្ថិ បញ្ញាបនាយ សេចក្តីថា សមណព្រាហ្មណ៍ទាំងនោះ រមែងប្រាកដដោយវដ្តៈដ៏សេសណា ការវិលវល់ ដើម្បីការប្រាកដ រមែងមិនមានដល់បុគ្គលទាំងនោះ ។ ម្យ៉ាងទៀត បទថា វដ្តំ បានដល់ ហេតុ សេចក្តីថា ហេតុដើម្បីការប្រាកដរមែងមិនមាន ។ ដោយព្រះតម្រាស់ប្រមាណបុណ្ណេះ ឈ្មោះថា ទ្រង់សម្តែងវារៈនៃអសេក្ខភូមិហើយ ។