មហាលិសូត្រទី ៨-មហលិ
ក្បាលទី 21 · ទំព័រ 721
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី ។ គ្រានោះឯង ស្តេចលិច្ឆវីឈ្មោះ មហាលិ ចូលទៅគាល់ព្រះមានព្រះភាគ ។ បេ ។ លុះមហាលិលិច្ឆវី គង់ក្នុងទីសមគួរ ហើយ ទើបក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន គ្រូឈ្មោះបូរណកស្សបៈ បានពោលពាក្យយ៉ាងនេះថា ហេតុ ឬបច្ច័យដែល នាំឲ្យសត្វទាំងឡាយសៅហ្មង មិនមានឡើយ សត្វទាំងឡាយ មិនមានហេតុ មិនមានបច្ច័យ នាំឲ្យសៅហ្មងទេ ទាំងហេតុ ឬបច្ច័យដែលនាំឲ្យសត្វទាំងឡាយបរិសុទ្ធក៏មិនមាន សត្វទាំងឡាយមិនមានហេតុ មិនមានបច្ច័យ នាំឲ្យ បរិសុទ្ធឡើយ ចុះក្នុងរឿងនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូចម្តេច ។