អាទិត្តសូត្រទី ៩

ក្បាលទី 21 · ទំព័រ 726

ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ រូបក្តៅ វេទនាក្តៅ សញ្ញាក្តៅ សង្ខារក្តៅ វិញ្ញាណក្តៅ ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង ក្នុងវេទនាផង ។ ក្នុងសញ្ញាផង ។ ក្នុងសង្ខារទាំងឡាយ ផង ។ នឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយ ក៏ប្រាសចាក តម្រេក ។ បេ ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បី សោឡសកិច្ចនេះទៀតមិនមានឡើយ ។