អដ្ឋកថា និរុត្តិបថសូត្រទី ១០

ក្បាលទី 21 · ទំព័រ 731

ក្នុងនិរុត្តិបថសូត្រទី ១០ មានវិនិច្ឆ័យដូច្នេះ ភាសានោះឯង ឈ្មោះថា គន្លងភាសា ។ ម្យ៉ាងទៀត ភាសាទាំងនោះ ឈ្មោះថា បថ ព្រោះជាគន្លងនៃ អត្ថដែលគប្បីដឹងច្បាស់ដោយអំណាចភាសា ដោយហេតុនោះ ទើបឈ្មោះថា និរុត្តិបថ ។ ក្នុង ២ បទ ដ៏សេសក៏ន័យនេះឯង ។ ម្យ៉ាងទៀត បទទាំង ៣ នេះ គប្បីជ្រាបថា ជាវេវចនៈនៃគ្នានឹងគ្នានោះឯង ។ បទថា អសង្កិណ្ណា សេចក្តីថា មិនត្រូវបោះបង់ចោល គឺ មិនត្រូវពោលថា ជាប្រយោជន៍អ្វីដោយផ្លូវនេះ ហើយបោះបង់ចោល ។ បទថា អសង្កិណ្ណបុព្វា សេចក្តីថា មិនធ្លាប់ត្រូវបោះបង់ចោលសូម្បីក្នុងអតីត ។ បទថា ន សង្កិយន្តិ សេចក្តីថា សូម្បីក្នុងឥឡូវនេះ ក៏មិនត្រូវបោះបង់ចោល ថា ប្រយោជន៍អ្វីដោយផ្លូវទាំងនេះ ។ បទថា ន សង្កិយិស្សន្តិ សេចក្តីថា សូម្បីក្នុងអនាគតក៏មិនត្រូវបោះបង់ចោល ។ បទថា អប្បដិកុដ្ឋា បានដល់ មិនហាមឃាត់ហើយ ។ បទថា អតីតំ បានដល់ ឈានកន្លងសភាវៈ របស់ខ្លួន ឬភវង្គចិត្តនោះឯង ។ បទថា និរុទ្ធំ សេចក្តីថា មិនកន្លងចំណែក ដទៃ រលត់ គឺចូលទៅស្ងប់ក្នុងទីនោះឯង ។ បទថា វិបរិណតំ បានដល់ ដល់នូវការប្រែប្រួល គឺវិនាសទៅ ។ បទថា អជាតំ ប្រែថា មិនកើតឡើង ។ បទថា អបតុភូតំ បានដល់ មិនតាំងនៅដោយប្រក្រតី ។ បទថា ឧក្កលា បានដល់ អ្នកនៅក្នុងឧក្កលជនបទ ។ បទថា វស្សភញ្ញា បានដល់ វស្សគោត្រ និងភញ្ញគោត្រ ។ ជនទាំង ២ ពួកនោះ ប្រកាន់លទ្ធិជាមូល ។ ក្នុងបទថា អហេតុកវាទា ជាដើម មាន វិនិច្ឆ័យដូចតទៅនេះ ឈ្មោះថា អហេតុកវាទា ព្រោះប្រកាន់ថា ហេតុមិន មាន បច្ច័យមិនមាន ។