អនិច្ចសូត្រទី ៤

ក្បាលទី 21 · ទំព័រ 741

ទៀបក្រុងសាវត្ថី ។ ក្នុងវត្ត ។ លុះភិក្ខុនោះ អង្គុយក្នុងទី ដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គ ដ៏ចម្រើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ត្រាស់សម្តែង ធម៌ ដោយសេចក្តីសង្ខេបដល់ខ្ញុំព្រះអង្គ ។ បេ ។ គប្បីសម្រាន្តនៅ ។ ម្នាល ភិក្ខុ របស់ណាមិនទៀង អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងរបស់នោះចេញ ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ យល់ហើយ ។ ម្នាលភិក្ខុ ចុះធម៌ដែលតថាគតសម្តែងហើយដោយសេចក្តី សង្ខេប តើអ្នកយល់សេចក្តីដោយពិស្តារ ដូចម្តេចទៅ ។ បពិត្រព្រះអង្គ ដ៏ម្រើន រូបមិនទៀង ខ្ញុំព្រះអង្គត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងរូបនោះចេញ ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណមិនទៀង ខ្ញុំព្រះអង្គត្រូវ លះបង់សេចក្តីប៉ុនប៉ង ក្នុងវិញ្ញាណនោះចេញ ។ បពិត្រព្រះអង្គដ៏ចម្រើន ភាសិតដែលព្រះមានព្រះភាគត្រាស់ហើយ ដោយសង្ខេបនេះ ខ្ញុំព្រះអង្គ យល់សេចក្តីដោយពិស្តារយ៉ាងនេះឯង ។ ម្នាលភិក្ខុ ប្រពៃហើយៗ ម្នាល ភិក្ខុ ប្រពៃណាស់ហើយ ត្រង់ភាសិតដែលតថាគតសម្តែងហើយ ដោយ សង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន ។ ម្នាលភិក្ខុ រូបមិនទៀង អ្នក ត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងរូបនោះចេញ ។ វេទនា ។ សញ្ញា ។ សង្ខារ ទាំងឡាយ ។ វិញ្ញាណមិនទៀង អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងវិញ្ញាណ នោះចេញ ។ ម្នាលភិក្ខុ ភាសិតនេះ ដែលតថាគតសម្តែងហើយ ដោយ សង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយពិស្តារយ៉ាងនេះឯង ។ បេ ។ បណ្តា ព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ក៏ជាព្រះអរហន្ត ១ អង្គដែរ ។